ពិធីបញ្ចូលម្លប់កូនស្រី



ប្រវត្តិតាមរឿងព្រង

​​​​​មានរឿងដំណាលថា កាលនោះមានមហាចោរម្នាក់ពុំមានភរិយា បានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្តាច់ នៅក្នុងព្រៃស្មសាន ដើម្បីនឹងទុកដាក់របស់ទ្រព្យមាន មាស ប្រាក់ សំពត់ អាវសាវសែ្បជាដើម ដែលខ្លួន ទៅលួចប្លន់គេបានពីទីផេ្សងៗមក។

មហាចោរនោះលុះកាលជាចំណេរក្រោយមក ក៏រំពឹងគិតថា៖

“អាត្មាអញមានទ្រព្យសម្បត្តិច្រើនដល់ម្លឹងដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិត​សព្វ​គ្រប់​ទៅ​ការខំប្រឹងរបស់អញនេះ ដូចជាគ្មានបានការអ្វីសោះ ! ព្រោះថា បើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ និងក្លាយទៅជារបស់ អសារឥតការគួរឲ្យស្តាយ បើមានកូនប្រពន្ធគ្រាន់និងស៊ីមរតកនោះទៅរ៉ា អាត្មាអញនិងមិនសូវជាស្តាយពេក”។

គិត​ហើយ​មហា​ចោរ​ក៏​ដើរ​ទៅ​ក្រវែល​ភូមិ​អ្នក​ស្រុក​ រំពៃ​គយគន់មើលកេ្មងស្រី-ប្រុស ដែលនាំគ្នា លេងខ្ញៀវខ្ញានៅក្រោមម្លប់ឈើ។ លុះគយគន់ទៅឃើញនាងតូច​មួយ​​នោះ មានរូបឆោមស្អាតសមរម្យ មាន​សាច់​ឈាម​ថ្លា ថៃ្លថ្នូរ គួរឲ្យស្រលាញ់ ក៏និយាយលួងលោមកូននោះឲ្យបែកចេញពីហ្វូង ហើយក៏ បញ្ឆោត​នាំ​យក​ទៅ​ដល់​ផ្ទះ​ផងខ្លួន។ ដោយ​ខ្លាច​កូន​កេ្មង​នោះ​លួច​រត់​ទៅ​រកម៉ែឪវាវិញ ព្រមទាំងការពារ កុំឲ្យម្តាយឪពុកវាតាមទៅរកឃើញ មហា​ចោរ​ក៏​យក​កេ្មង​នោះ​ទៅ​លាក់​ទុក​ក្នុងបន្ទប់ ចាក់សោយ៉ាង ខ្ជាប់ខ្ជួន។ រាល់ពេលបាយ ឬ ពេលបានចំណីអាហារឆ្ងាញ់មក មហាចោរតែងហុចតាមបង្អួចមួយ តូចទៅឲ្យនាងបរិភោគ។

កេ្មងស្រីនោះនៅក្នុងម្លប់ ក៏ចេះតែចំរើនសាច់ឈាមរាល់ថៃ្ងជាលំដាប់។ លុះនាងពេញវ័យក្រមុំ ការដែល នាងមិនមានត្រូវពន្លឺព្រះអាទិត្យ និងមិនបានជាន់ដី បណ្តាលឲ្យនាងមានជំងឺស្គមស្គាំងសេ្លកស្លាំង។ មហាចោរ ភ័យណាស់មិនដឹងជាកូនមានជំងឺអ្វី ក៏ត្រាច់ទៅក្នុងភូមិមួយឆ្ងាយទើបបានជួបនិងដូនចាស់ម្នាក់ ធ្លាប់ធ្វើឆ្មប ក៏និយាយអង្វរសុំអញ្ជើញដូនឲ្យមកជួយមើលកូនខ្លួន។

យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាងហើយយល់ការណ៍ ក៏ប្រាប់នាងថា៖

“ចៅយាយអើយ! ចូរចៅកុំព្រួយអ្វី! ចៅឈឺនេះគ្មានអ្វីក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលនាងផ្លាស់វ័យនេះឯងហើយ ដែលធ្វើឲ្យនាងចេះតែរសាប់រសល់ ចុកខ្នង ចុកចងេ្កះ ល្អិតលៃ្អ ទន់ដៃទន់ជើង កុំព្រួយអ្វីណាចៅ ! ចាំ​យាយ​ផ្សំ​ថ្នាំ​សង្កូវ​ឲ្យ​នាងញ៉ាំឲ្យបានធូរស្រាលឆាប់រហ័ស។

ថាហើយ យាយម៉បក៏ទៅរកស្ទោះសំបក ឈើមកផ្សំថាំ ដាំឲ្យនាងនោះអាស្រ័យ ហើយផ្តាំថា៖

“ចៅអើយ! ចៅ​យក​ថ្នាំ​នេះ​ទៅហាលថៃ្ងឲ្យស្ងួត ហើយរកថូ ឬ ឆ្នាំងអ្វីដាក់ទុកទៅ ពេលនាងដឹងថា ជិតដល់រដូវកាលហើយ ចូរនាង​យក​មួយ​កញ្ចប់​មក​ដាំ​ញ៉ាំ​4-5​ថៃ្ង​ទៅ នោះ​នាង​នឹង​បាន​ធូរស្រាលក្នុងខ្លួន ដូចបំណង ហើយសាច់ឈាមពណ៌‌សម្បុររបស់នាង ក៏រិតតែល្អឡើងដែរ “។

លុះកូនស្រីមហាចោរផឹកថ្នាំ បានធូរស្រាលស្បើយរោគហើយ យាយម៉ប ក៏ចូលទៅសំពះសុំលាមហាចោរ ត្រលប់ទៅមើលផ្ទះសំបែងវិញ។ មហា​ចោរ​បាន​យក​មាស​ប្រាក់​ជូនជាទ្រនឹបរង្វាន់យាយម៉ប ហើយជូន ត្រឡប់ដល់ផ្ទះវិញ។

ពេល​រៀបចេញដំណើរពីផ្ទះមហាចោរទៅ យាយម៉បនឹកក្នុងចិត្តថា៖

“កនែ្លងមហាចោរនេះ ឆ្ងាយដាច់ ស្រយាល ពីភូមិស្រុកគេណាស់ ឯ​ព្រៃ​ទៀត​សោត​ក៏​ញឹក​ស្ងាត់​ជ្រងំ គួរឲ្យខ្លាច ប្រសិនបើអញត្រូវការចង់ មករកទីនេះវិញ ធ្វើមេ្តចនិងរកផ្លូវមកឃើញ!”

នឹកសព្វគ្រប់ហើយ គាត់ក៏រកបានគ្រប់ឪឡឹកមួយបង្វិច យក​មក​តាម​ខ្លួន ដើរបណ្តើរចាប់គ្រាប់ឪឡឹករោយបណ្តើរ រហូតមកដល់ផ្ទះគាត់។

តទៅ​នេះនិងថែ្លងចាប់សារដើមបន្តិច អំពីពេលដែលយាយម៉បបានទៅនៅថែទាំងកូនចោរនោះមក គាត់ តែងតែសងេ្កតមើលឫកពារ និង​រូប​ឆោម​កូន​នោះ​ឃើញ​ល្អ ក៏ចេះតែគួចចិត្តទុក និងសម្លឹងរកកម្លោះរូបណា មួយឲ្យសមគ្នានិងនាង។

ថៃ្ងមួយអាស្រ័យបច្ច័យហេតុផលពីបុពេ្វបណ្តាលចិត្តមាណពម្នាក់ ដែលត្រលប់ពីរៀនវិជ្ជាការ ឲ្យចង់ចូល ទៅសុំសំរាកនៅផ្ទះយាយម៉បនោះសិន ត្បិត​ថៃ្ង​កាន់​តែជ្រេ កម្លាំងក៏អស់ ហេវបាយ ផ្លូវទៅមុខក៏ឆ្ងាយ ក្រែងយប់កណ្តាលផ្លូវ ក៏រូតរះចូលទៅសំពះដូនចាស់សុំសំណាក់មួយយប់។ ដូនចាស់កំពុងតែរៀបចំ និង​ដាំ​បាយ​បរិភោគ ជួនក្រេឡកឃើញមាណពចូលមកសំពះសុំស្នាក់ ក៏មានចិត្តសប្បុរសទទួលឲ្យនៅ ហើយដាំបាយបណ្តើរ សំណេះ​សំណាល់​សួរ​អំពី​ពូជ​ពង្ស​បណ្តើរ។ លុះ​​អាស្រ័យ​បាយ​រួច និង​ទុកដាក់ចាន ក្បានស្រេច យាយម៉ប ដែលចេះតែលបសងេ្កតរូបឆោមមាណពនោះតាំងតែពីចូលមក ក៏បង្អើបសំណួរថា៖

“ចៅអើយ ! ពីកាលដែលចៅលាឪពុកម្តាយមកសែ្វងរកតំរិះវិជ្ជានេះ តើឪពុកម្តាយចៅ មានស្តីដណ្តឹង កូនចៅអ្នកឯណាទុកឲ្យចៅហើយឬនៅ?” ។

ចៅមាណពតបថា៖

“មិនទាន់មាននៅឡើយទេ! ” ហើយបន្តសម្តីថា “ខ្ញុំនឹកថាប្រសិនបើនៅពេល ដែលខ្ញុំធ្វើដំណើរកាត់ស្រុកភូមិគេនេះ បាន​ជួប​ស្រី​ណា​មួយ​មាន​លក្ខណៈ​សម្បត្តិសមរម្យល្អ ខ្ញុំនឹងយកគេធ្វើ ប្រពន្ធហើយ! តើលោកយាយមានបានស្គាល់កូនចៅលោកអ្នកណា ដែលល្អនៅក្នុងស្រុកភូមិរបស់យាយនេះ ដែរឬទេ?”

ចៅអើយ! (យាយម៉បនោះឆ្លើយ) នៅក្នុងស្រុកភូមិនេះ មិនឃើញមានស្រ្តីណាម្នាក់ដែលសក្តីសម និងចៅទេ ប៉ុនែ្តជីដូនធ្លាប់បានឃើញស្រ្តីម្នាក់ដែរ នាងនោះជាកូនមហាចោរ នៅក្នុងព្រៃដាច់ស្រយាល ឯណោះ។

យាយម៉បក៏និយាយរាប់រៀបអំពើដំណើររឿងដែលគាត់បានទៅឃើញនាងនោះ និងបានសងេ្កតឃើញឫកពារ សមរម្យ។ ឮពាក្យសរសើររបស់យាយម៉ប មាណពនោះអន្ទះសារចង់ឃើញរូបនាង ក៏អង្វរឲ្យយាយជូនទៅ។

ទេចៅ (យាយម៉បប្រកែក) យាយជូនទៅមិនបានទេ ព្រោះយាយខ្លាចមហាចោរនោះណាស់ ធម្មតា ចិត្តមហាចោរ តែដល់មានការអ្វីស្រួលមិនស្រួលកើតឡើង វាមុខជាមកសម្លាប់យាយចោលហើយ !។ យាយចាស់ហើយ តែយាយនៅចង់រស់នៅឡើយ។ ចូរចៅជឿជាក់ថា យាយចង់ឲ្យចៅនិងនាងនោះ បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ណាស់ ព្រោះតាំងតែពីកាលយាយបានឃើញនាងមក ទោះពេលយាយចេញដើរទៅផ្សារ ទៅកាន់ភូមិនានា ទៅសង្រ្គោះគេក្តី យាយ​តែង​តែ​គយ​គន់​សម្លឹង​មើល​រាល់​ថៃ្ង តែមិនប្រទះឃើញ បុរសកម្លោះណាម្នាក់ ឲ្យសមល្មមនិងចិត្តយាយសោះ ទើបតែពេលនេះចៅមកដល់ចំជាមហាលាភហើយ ចៅគេងឲ្យស្រួលទៅ ព្រឹកសែ្អកចាំចៅចេញដំណើរទៅរកនាង។

នៅពេលយប់នោះ បុរសចេះតែគិតសព្វគិតគ្រប់ ដេកក៏មិនលក់ ដោយបែ្លកកនែ្លងផង ទនឹ្ទងឲ្យតែភ្លឺឆាប់ផង ណាមួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯង ណាមួយគិតដល់គ្រោះថ្នាក់ជាមួយនិងមហាចោរ លុះយប់ យន់ទើបបុរសគេងលង់លក់ទៅ។

ពេលមាន់រងាវភ្លឺស្រាងៗ យាយម៉បក្រោកដាំបាយ រកម្អូបកៀ្រមក្រោះ ទឹកបំពង់ ទុកបំរុងជាស្បៀង ឲ្យមាណពធ្វើដំណើរ លុះមាណពក្រោកឡើងហើយ យាយក៏ឲ្យស្រស់ស្រូប រួចប្រគល់កញ្ចប់អាហារ សំរាប់តាមផ្លូវហើយនាំបង្អាញតម្រុយដើមឪឡឹកឲ្យចៅមាណពធ្វើដំណើរចេញទៅ។

នែចៅ! (យាយម៉បប្រាប់) ចូរចៅដើរទៅតាមជួរដើមឪឡឹកនេះទៅចុះ ! ចៅនិងបានទៅដល់ ផ្ទះនាងនោះហើយ តែថាចូរចៅប្រយ័ត្នខ្លួនឲ្យមែនទែនណា ! ចៅទៅចុះ ! សូមឲ្យបានសេចក្តីសុខ ឲ្យបាន សំរេច ដូចសេចក្តីប្រាថ្នា បើមានសត្រូវមកពីមុខឲ្យរំលង បើមកពីខ្នងឲ្យរលាយណាចៅណា។

មាណព​​ក្រាបប្រណិប័តន៍លាលោកយាយហើយកចេញដំណើរទៅ ថៃ្ងជ្រេបន្តិច ទើបទៅដល់សំណាក់ មហាចោរ គាប់ជួនពេលនោះមហាចោរមិននៅ ចេញទៅរកប្លន់គេបាត់ ទុកតែកូនស្រីឲ្យនៅចាំផ្ទះ តែម្នាក់ឯង នាងកំពុងតែដើរតត្រុក បោសច្រាសសម្អាតផ្ទះសមែ្បងតាមទំលាប់ ពុំមានគិតក្រែងអ្វី ឡើយ ឯចៅមាណពនោះ ទៅលបគយគន់ឃើញសព្វគ្រប់ហើយដឹងថា នាងនៅម្នាក់ឯង ក៏ប្រថុយ ស្រែកហៅ នាងឮសូរមាត់មនុស្សចំលែក នឹកភ័យណាស់ គិតថា

“តើអ្នកណា ! ហ៊ានចូលមក ដល់ទីនេះ?”

ប៉ុនែ្តនាងក្រេឡកទៅឃើញយុវបុរសជាអ្នកមានឫកពាសុភាពរាបសារល្អ មិនគួរឲ្យខ្លាច នាងក៏បើកទ្វារ ហៅឲ្យបុរសចូល ហើយ​និយាយ​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួល រាក់ទាក់សំណេះសំណាលតាមផ្លូវលោកីយ៍ ដោយសុខចិត្តសុខកាយលើកជាស្វាមី ហើយនាំយកទៅលាក់ មិន​ឲ្យ​មហា​ចោរ​ជាឪពុកដឹងឡើយ។

ប៉ុនែ្តក្នុងកាលជាបន្ទាប់មក មហាចោរសងេ្កតឃើញឫកពារកូនស្រីរបស់ខ្លួនបែ្លកពីធម្មតា គឺឃើញនាងតែង ខ្លួនជានិច្ចកាល ធ្វើការងារសព្វសារពើក្នុងផ្ទះ ដោយមិនបាច់ឪពុកតឿនឡើយ ដូចជាចង់ផ្គាប់ផ្គន់មនុស្ស ណាម្នាក់ ដែលជាទីពេញចិត្ត មហាចោរនឹកសង្ស័យថា៖

“នាងនេះច្បាស់ជាមានប្រុសសហាយហើយ !”

ក៏នឹកតូចចិត្តនិងកូនស្រី លាយនិងសេចក្តីខ្មាសអៀនអាសហាយនាងនោះផង ក៏ដើរចោលទីកនែ្លងនោះ ទៅ។

ឯទាំងពីរអ្នកប្តីប្រពន្ធនៅក្នុងព្រៃយូរបន្តិចទៅ មិនឃើញមហាចោរនោះត្រលប់មកវិញ ក៏នាំគ្នាចុះមក រកភូមិស្រុកនិងគេ លុះមកដល់ភូមិស្រុកហើយ ក៏ចូលទៅអរគុណនិងយាយម៉ប ព្រមទាំងជូនរង្វាន់គាត់ ខ្លះទៀតផង យាយម៉បមានចិត្តត្រេកអរណាស់ ដើរប្រាប់អ្នកជិតខាងឲ្យមកមើលនាង ដោយថែ្លង បូរបាច់ប្រាប់គេថា៖

“នាងនេះមានរូបឆោមលោមពណ៌‌សាច់ជិតល្អ មកអំពីគេនៅតែក្នុងម្លប់ ដល់ចេញពី ម្លប់ក៏មានប្តីតែម្តង ”

អ្នកស្រុកឃើញដូច្នោះ ក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការ ទៅឃាំងក្នុងម្លប់ ដើម្បីឲ្យបានល្អដូចគេ ក៏ជាប់ជាទំនៀមរហូតមក។

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s