រឿងគ្រូមើលស្កន់

ដំនើររឿង

កាល​នោះ​មាន​ស្រី​ម្នាក់​តាំង​ទីលំនៅៗ​ក្នុង​ភូមិ​សួន​ចំការ ផ្ទះ​នោះ​នៅ​ដាច់​ពី​គេ នាង​នោះ​មាន​កូន​ខ្ចី​អាយុ​ប្រហែល ៨-៩ ខែ។ តាំង​ពី​ប្ដី​ស្លាប់​ទៅ នាង​នោះ​ក៏​មេម៉ាយ​នៅ​តែ​ជាមួយ​នឹង​បងប្អូន ឯ​កូន​ខ្ចី​នោះ​ពុំ​សូវ​ជា ជួន​កើត​រោគ​គ្រុន​ស្កន់​ជាន់​ម្ដងៗ កើត​រីងរៃ​ស្គម​លឿង​។ លុះ​នៅ​យូរ​បន្តិច​មក​មានម​នុស្ស​ម្នាក់​ដឹង​ថា នាង​មេម៉ាយ​នោះ​មាន​សម្បត្តិ​ច្រើន ទើប​វា​ស្វែង​រក​មើល​ចន្លោះ​ឱកាស​នឹង​ទៅ​បញ្ឆោត​កុហក​បោក​ប្រាស​នាង​មេម៉ាយ​នោះ។ លុះ​ដល់​រដូវ​កាល​គេ​ច្រូត​កាត់ ទើប​បង​ប្អូន​ញាតិ​ដែល​នៅ​ជា​មួយ​ផង​នោះ គេ​នាំ​គ្នា​ទៅ​ច្រូត​ស្រូវ​ទាំង​អស់​គ្នា នៅ​តែ​នាង​មេម៉ាយ​តែ​ម្នាក់​នៅ​ចាំ​ផ្ទះ។ មនុស្ស​ពាល​នោះ កាល​ណា​បាន​ឱកាស​ហើយ​វា​ក៏​កោរ​ក្បាល ហើយ​លួច​យក​ស្បង​ចីពរ​លោក​សង្ឃ​ដែល​គេ​គរ​ចោល​តាម​គល់​ពោធិ មក​ស្លៀក​ពាក់​ធ្វើ​អាការ​កិរិយា​ជា​លោក​សង្ឃ ដើរ​ត្រង់​ទៅ​ផ្ទះ​នាង​មេម៉ាយ​នោះ ។

លុះ​ដល់​ហើយ​វា​ធ្វើ​ជា​ដើរ​ឈរ​រេរា​នៅ​មុខ​ផ្ទះ ឯ​នាង​មេម៉ាយ​នោះ​អង្គុយ​នៅ​រាន​ហាល​ឲ្យ​កូន​បៅ​ដោះ លុះ​បាន​ឃើញ​អ្នក​ក្លែង​ភេទ​នោះ​ហើយ ក៏​នឹក​ថា​លោក​សង្ឃ​បរិសុទ្ធ ទើប​បី​កូន​ចុះ​ទៅ​ថ្វាយ​បង្គំ​សួរ​ថា “ព្រះ​ករុណា​ម្ចាស់ និមន្ត​មក​ពី​វត្ត​ណា ត្រូ​ការ​រក​អ្វី ព្រះគុណ ?”។ ចៅ​ពាល​ក៏​ឆ្លើយ​ថា “ចម្រើន​ពរ​អាត្មា​ភាព​មក​ពី​វត្ត​ក្រោម មក​រក​បិណ្ឌ​បាត​ទៀន​ធូប យក​ទៅ​រៀន​សមណ​ធម៌​។ ញោម! អ្នក​ភូមិ​នេះ​គេ​ទៅ​ណា​អស់​ហើយ បាន​ជា​ស្ងាត់​ម្ល៉េះ ? “ករុណា​ម្ចាស់ គេ​ទៅ​ច្រូត​ស្រូវ​ឯ​ស្រែ​អស់​ហើយ​លោក​ម្ចាស់” ។ “ដូច្នេះ​ញោម ចុះ​ញោម​ឯង​មិន​ទៅ​ច្រូត​ស្រូវ​នឹង​គេ​ទេ ?” “ឱ ​ករុណា​ម្ចាស់​ខ្ញុំ​ម្ចាស់​នេះ​ទៅ​ច្រូត​កាត់​និង​គេ​ឯ​ណា​បាន កូន​តូច​នេះ វា​ចេះ​តែ​ឈឺ​មិន​ឈប់​សោះ​ឡើយ​ចេះ​តែ​យំ​ដាក់​ពី​ដៃ​មិន​រួច​សោះ ព្រះ​ករុណា​ម្ចាស់” ។ “ចម្រើន​ពរ ចុះ​វា​ឈឺ​យ៉ាង​ណា កូន​ញោម​នោះ ?” “ករុណា ​ម្ចាស់​អាការ​ជម្ងឺ​នោះ​កំណត់​មិន​បាន​ជួន​កាល​វា​គ្រុន​ក្ដៅ​ក្រហាយ​ទៅ ជួន​ណា​វា​កើត​ជា​ស្កន់​ជាន់​គ្រប​បាត់​ដង្ហើម​ទៅ​ម្ដងៗ​ក៏​មាន ករុណា​ម្ចាស់” ។ “ឱ!​អាណិត​វា​ពេក​ណាស់​ញោម។ ជម្ងឺ​នេះ​គេ​ហៅ​ថា ស្កន់​ខ្លា​វា​ជាន់​ណា​ញោម ម្ដេច​មិន​រក​គ្រូ​ពេទ្យ​ឲ្យ​គេ​មើល​គ្នា​ទៅ បណ្ដោយ​ឲ្យ​ឈឺ​យ៉ាង​នេះ​ជម្ងឺ​នេះ​មិន​មែន​ជា​ក្រ​ទេ ល្មម​រក្សា​បាន។ កូន​បង​អាត្មា​ភាព​ម្នាក់​វា​ឈឺ​យ៉ាង​ហ្នឹង​ដែរ អាត្មា​មើល​ជា​ទៅ ឥឡូវ​ធាត់​ទ្រលុកៗញោម ឱ! ស្ដាយ​កូន​ញោម​នេះ​ពេក​ណាស់​ប្រុស​ផង គួរ​តែ​ខំ​មើល​រក្សា​ទៅ​អេះ” ។ “ករុណា​ម្ចាស់ គ្រូ​នោះ​បាន​ឲ្យ​គេ​មើល​ក៏​ច្រើន​អ្នក​ណាស់​មក​ហើយ​ តែ​បាន​គ្រាន់​តែ ២-៣ ថ្ងៃ ក៏​ត្រឡប់​ឈឺ​ដូច​ដើម​វិញ ករុណា​ម្ចាស់” ។ “ឱ! គ្រូ ​មើល​ជម្ងឺ​កូន​ក្មេង​នោះ​គ្រាន់​តែ​ស្ដោះ​ផ្លុំ​តែ​ពី​ក្រៅ ធ្វើ​ម្ដេច​នឹង​ជា​ដាច់​រោគ​ស្កន់​ខ្លា​នេះ​បាន តោម​មើល​ដោយ​ឧបទេស​ទើប​ជា​ដាច់​ញោម អាត្មា​ចេះ​ខ្លះ​ដែរ តែ​អាត្មា​ដែល​មក​នេះ​ដោយ​មាន​កិច្ច​រក​ទៀន​ធូប​បាន​ហើយ​ក៏​នឹង​អាល​ទៅ​រៀន​ សមណ​ធម៌ បើ​នៅ​ជិត​វត្ត​អាត្មា​នឹង​ជួយ​សង្គ្រោះ​មើល​យក​បុណ្យ​ខ្លះ” ។

ឯ ​នាង​មេម៉ាយ​នោះ​លុះ​ឮ​ចៅ​ពាល​ពោល​ពាក្យ​ដូច្នោះ​ហើយ ក៏​សម្គាល់​ថា ជា​លោក​អ្នក​ចេះ​មើល​ជម្ងឺ​មែន​ទែន ទើប​និយាយ​អង្វរ​ថា “ព្រះ​ករុណា​ម្ចាស់ បើ​លោក​ម្ចាស់​ចេះ​សូម​មេត្ត​ប្រោស​សត្វ មើល​កូន​ខ្ញុំ​ករុណា​សិន ឯ​ត្រង់​ទៀន​ធូប​ដែល​លោក​ម្ចាស់​ត្រូវ​ការ​នោះ មិន​ជា​ប៉ុន្មាន​ទេ ខ្ញុំ​ព្រះ​ករុណា​ថ្វាយ​ខ្លួន ជា​ញោម​ឧបដ្ឋាក បវរណា​លោក​ម្ចាស់ សូម​កុំ​ឲ្យ​លោក​ម្ចាស់​ព្រួយ​ព្រះ​ហឫទ័យ​ឡើយ” ។ ឯ​ចៅ​ពាល​នោះ​បាន​ឪកាស​ហើយ​ក៏​ឆ្លើយ​ថា “ចម្រើន​ពរញោម ធ្វើ​ម្ដេច​ឯង​ជា​សង្ឃ​កំពង់​សត្វ​កាល​បើ​ឃើញ​ញាតិញោម​កើត​វិបត្តិ តោង​កាត់​ធុរៈ​ខ្លួន​សិន​ចុះ ថា​ហើយ​ក៏​ឡើង​ទៅ​លើ​ផ្ទះ ។ ឯ​នាង​មេម៉ាយ​ក៏​រៀប​ទី​អាសនៈ​ដ៏​សមគួរ​ឲ្យ​ចៅ​ពាល​អង្គុយ​ហើយ​ក៏​បៀក​ស្លា​ មូរ​បារី​ដាក់​ពាន ប្រគេន​ចៅ​ពាល​ៗ​បង្កាប់​ឲ្យ​នាង​មេម៉ាយ​រៀប​ទៀន ៥ ធូប ៥ ឆ្នាំង​ថ្មី​មួយ​នឹង​សំពត់ស ១ ចង្អាម ទាញ​យន្ដ​បិទ​មាត់​ឆ្នាំង​ហើយ​ចៅ​ពាល​ថា “ញោម, ទី​ភូមិ​នេះ​មាន​ត្បាល់​ក្ដឿង​ដែរ​ឬ​ទេ ?” “ករុណា​ម្ចាស់, ត្បាល់​ក្ដឿង​ខ្ញុំ​ករុណា​មាន នៅ​ខាង​កន្សៃ​ផ្ទះ​ឯ​នោះ” ។ “អើ​ញោម​បើ​ដូច្នេះ ញោម​យក​កូន​នឹង​គ្រឿង​ទៀនធូប​អស់​នេះ ទៅ​ឯ​រោង​ក្ដឿង អាត្មា​នឹង​រៀប​ពិធី​ក្ដឿង” ។

នាង ​មេម៉ាយ​ក៏​បី​កូន​កាន់​យក​ទៀន​ធូប​អស់​នេះ​ទៅ​ឯ​រោង​ក្ដឿង ហើយ​ចៅ​ពាល​យក​ទៀន​ធូប​អុជ​តាំង​ពិធី​នៅ​មាត់​ត្បាល់ ហើយ​វា​បោស​ទី​នោះ​ស្អាត​ល្អ ពុំ​ឲ្យ​មាន​ឈើ​ព្រៃ​នៅ​ខាង​ត្បាល់​ទើប​វា​ហៅ​យក​កូន​ខ្ចី​នោះ មក​តាំង​ខាង​នា​ទី​ពិធី​ហើយ​វា​ថា ញោម​ឯង​ទៅ​ជាន់​ក្ដឿង​ឲ្យ​វា​ឡើង​ជាន់​ជន្លៗ បាន ៣ ដង ជា​ឧបកិច្ច អាត្មា​នឹង​សែក​ព្រះ​គាថា ស្រូប​យក​ព្រលឹង​ខ្លា​ចេញ​ពី​រូប​កូន​បញ្ជូន​ដាក់​ក្នុង​ឆ្នាំង​យន្ដ ហើយ​យក​ទៅ​បណ្ដែត​ទឹក​ចោល ដើម្បី​កុំ​ឲ្យ​ព្រលឹង​ខ្លា វា​មក​បៀតបៀន​បាន​ទៀត​ឡើយ ឯ​នាង​មេម៉ាយ​ក៏​ជឿ​តាម ទើប​ទៅ​ជាន់​ចុង​ក្ដឿង​ឡើង ឯ​ចៅ​ពាល​វា​យក​កូន​នោះ​ដាក់​នទៅ​ក្នុង​ត្បាល់​ហើយ​វា​ដក​ឈើ​ទ្រនល់​ដែល​ទល់ ​ក្ដឿង​នោះ បោះ​គ្រវែង​ចោល​ទៅ​ឆ្ងាយ​អំពី​ត្បាល់ ហើយ​វា​ចេញ​ពី​ទី​ពិធី​នោះ​ប្រាប់​ថា ញោម​ប្រុង​ជាន់​ឲ្យ​ជាប់​កុំ​ឲ្យ​ប្រហែស​ក្រែង​របូត​ជើង​ធ្លាក់​ទៅ​ត្រូវ​កូន ចាំ​អាត្មា​ទៅ​យក​ថង់​យាម​ឆាន់​ស្លា​មួយ​រំពេច សូម​មក​ទល់​ឲ្យ​វិញ ថា​ហើយ​ចៅ​ពាល​ក៏​ឡើង​ទៅ​លើ​ផ្ទះ តាំង​រើ​រក​របស់​ទ្រព្យ​មាស​ប្រាក់​កែវកង សំពត់​អាវ​ស្បៃ​ហើយ​វា​វេច​ជា​សំពាយ​ធំ តាំង​ស្ពាយ​ពី​លើ​ផ្ទះ​រត់​ទៅ​កាន់​លំនៅ​វា​ហោង ។

ឯ​នាង​មេម៉ាយ ឃើញ​ចៅ​ពាល​ជញ្ជូន​យក​ទ្រព្យ​សម្បត្តិ​ខ្លួន​ដូច្នោះ​ហើយ ក៏​ហៅ​ឲ្យ​គេ​ជួយ​ក៏​ពុំ​មាន​អ្នក​ណា​មួយ​ឮ​ឡើយ ព្រោះ​ផ្ទះ​នោះ​នៅ​ដាច់​អំពី​គេ ម្លោះ​ហើយ​នាង​មេម៉ាយ​ក៏​អន្ទះ​អន្ទែង​នៅ​ចុង​ក្ដឿង​នោះ​ឯង បើ​នឹង​លែង​ក្ដឿង​វេញ​ទៅ ខ្លាច​ធ្លាក់​ទៅ​ត្រូវ​កូន ដោយ​ចិត្ត​មាតា​តែង​ទន់​ទោរ​ចុះ​ទៅ​កាន់​កូន​អាត្មា​ជា​ធម្មតា ការ​ដែល​សោកស្ដាយ​ទ្រព្យ​សម្បត្តិ​ក្រៅ​គឺ​ជា​មធ្យម ឯ​សេចក្ដី​ដែល​លោក​អាណិត​កូន​នោះ លើស​លែង​សម្បត្តិ​ខាង​ក្រៅ​នាង​មេម៉ាយ​ក៏​នៅ​ច្រងាង​ដូច​បុគ្គល​គេ​ចង​ ភ្ជាប់​​រេ​តែ​ខ្លួន​ក៏​ពុំ​រួច លុះ​ដល់​ល្ងាច​ទើប​មាន​គេ​ដើរ​មក​ទើប​ឲ្យ​គេ​ទល់​ចន្ទល់​ក្ដឿង​
យក​កូន​បាន ។ អាសូរ​នាង​មេម៉ាយ​កាយ​ជាប់​ក្ដឿង ព្រោះ​អាចោរ​សំពត់​លឿង​វា​បញ្ឆោត សែន​ក្ដួល​សែន​ក្ដៅ​សែន​ក្រែវក្រោធ នឹង​លោត​ទៅ​តាម​ចាប់​អា​ចោរ ។ ក្រែង​ក្ដឿង​ត្រូវ​កូន​សូន្យ​ជីវិត ដោយ​ចិត្ត​មាតា​តែង​ទន់ទោរ តែ​មាន​អារម្មណ៍​ឲ្យ​ខឹង​ឃោរ នឹង​ចោល​បង់​កូន​នៅ​ពុំ​មាន ។

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s