កម្ពុជាចុងសម័យអង្គរ

ស្ថានភាពប្រទេស

ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ចូលទិវង្គតទៅ ស្ថានភាពព្រះរាជាណាចក្រកម្ពុជាធ្លាក់ចុះបន្តិចៗម្ដង ដែលបណ្ដាលមកពី៖
បដិវត្តន៍ខ្មែរក្នុងសតវត្សទី១៤?

ប្រវត្តិសាស្ត្រខ្មែរ តាមសិលាចារឹក និង ឯកសារប្រវត្តិសាស្ត្រចិនត្រូវបញ្ចប់ក្នុងសម័យនេះ ដោយសារអំពីប្រភពទាំងនេះទៀត ។ ទើបអ្នកប្រវត្តិវិទូបានយកឯកសាររាជពង្សាវតារខ្មែរមកប្រើវិញ ដែលធ្វើអោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរ​មានលំនាំប្រហាក់ប្រហែលចាប់ពីសម័យនោះ ។ វាខុសគ្នាតែកាលបរិច្ឆេទ ទីកន្លែងនិងព្រឹត្តិការណ៍បន្ទាប់បន្សំខ្លះ ។
បុព្វហេតុ

ដូចដែលយើង បានឃើញស្រាប់ហើយនៅសតវត្សទី១៣​និង១៤ប្រទេសខ្មែរយើងជួបប្រទះនូវសង្គ្រាមសាសនា ប្រល័យជីវិតឯង គ្មានពេលទំនេរ ។ គេឃើញថាសង្គ្រាមនេះយកសាសនាជាសំបកក្រៅ ។ តាមការពិតជាសង្គ្រាមដណ្ដើមអំណាចគ្នាហើយយកក្រុមវណ្ណៈ និងសាសនាមកធ្វើជាឈ្នាន់ ។ ដោយពួកគេបញ្ចុះបញ្ចូលអោយប្រជារាស្ត្រ​ទៅស្លាប់ដើម្បីអំណាចនិងបក្សពួកគេ ។ វាគឺជាវិបត្តិនយោបាយ សង្គម នយោបាយដែលធ្វើអោយប្រទេសកម្ពុជាចាកឆ្ងាយ ពីអនុត្តរភាពជាមហាអំណាចបន្តិចម្ដងៗរហូតដល់សព្វថ្ងៃ ។ ព្រឹត្តិការណ៍នេះត្រូវអ្នកប្រវត្តិវិទូចាត់ទុកថាជាបដិវត្តន៍ទី១​នៃសង្គមជាតិខ្មែរ ។ ហើយជាបដិវត្តន៍ប្រឆាំងរាជានិយម ដែលប្រជារាស្តរខ្មែរយល់ឃោរឃៅ ផ្ដាច់ការ ព្រៃផ្សៃ គ្មានសណ្ដោស ករុណាមេត្តាធម៌ គ្មានទសពិតរាជធម៌ និងគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិ ។ មានកត្តាជាច្រើនដែលធ្វើអោយខ្មែរហ៊ានបះបោរប្រឆាំងស្ដេចនិងពួកបរិវារ ។[១]
ព្រះពុទ្ធសាសនាថេរវាទ

កត្តាដែលធំជាមូលដ្ឋាននៃបដិវត្តន៍គឺពុទ្ធសាសនាថេរវាទ ។ ពុទ្ធសាសនាថេរវាទបាននាំមកនូវទ្រឹស្ដី គោលគំនិត និងទស្សនៈថ្មី ស្ដីពីជោគវាសនា ផលបុណ្យ កម្មពៀរ របស់សត្វម្នាក់មកកាន់កម្ពុជាខុសពីលទ្ធិសាសនាមុនៗ ដែលចាត់ទុកស្ដេចជាអាទិទេពរឺពោធិសត្វលោកកេស្វរៈ ។ គេលែងអោយតម្លៃលើទ្រឹស្ដីទេវរាជនិងពុទ្ធរាជក្នុងព្រហ្មញ្ញ និងពុទ្ធសាសនាមហាយានទៀតហើយ ។ តាមទ្រឹស្ដីថេរវាទព្រះពុទ្ធអង្គបានចូលនិព្វានរួចហើយ ដូច្នេះមិនមកកើតជាមនុស្ស ឬជាស្ដេចដូចទ្រឹស្ដីមហាយានទេ ។ កាលបើព្រះពុទ្ធកើតជាពោធិសត្វទៀតក៏មិនដែលកើតជាសញ្ជាតិ​ជាស្ដេចដ៏រាបអចិន្ត្រៃយ៍ឡើយ ។ ព្រះមហាក្សត្រនិងមេដឹកនាំក៏មិនមែនជាព្រះបាទធម្មិកដែរ ។ ជួនព្រះពោធិសត្វ ចាប់ជាតិជា មនុស្ស សត្វ ទុរគត អ្នកប្រាជ្ញនិងស្ដេចប្រកបដោយធម៌ ។ល។ ដូច្នេះតាមទស្សនៈរបស់ថេរវាទស្ដេចមិនមែន​ជាពោធិសត្វរឺក៏អាទិទេពអ្វីឡើយ ។ អ្វីដែលគេនិយាយរឺធ្វើមិនមែនល្អត្រឹមត្រូវដូចជាព្រះពុទ្ធដិកានោះទេ ។ ស្ដេចក៏ជាមនុស្សធម្មតាដូចមនុស្សលោកដែរ ។ ទ្រឹស្ដីថេរវាទពន្យល់ប្រជាជនអោយយល់និងជឿជាក់ថា: អ្វីដែលស្ដេចនិយាយ ដើរតួទាំងប៉ុន្មានសុទ្ធតែការភូតភរបោកប្រាស់ទាំងអស់ ។ អ្វីទាំងនោះធ្វើដើម្បីអំណាចនិងផលប្រយោជន៍របស់គេប៉ុណ្ណោះ ។ ចង់បានន័យថាព្រះពោធិសត្វអាចកើត​ក្នុងក្រុមគ្រួសារគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។ [២]
សាសនាជាឧបករណ៍នយោបាយ

ដោយយោងលើទ្រឹស្ដីថេរវាទអ្នកបះបោរខ្មែរនៅសតវត្សទី១៤បានបំបះបំបោរ ធ្វើចលាចលនិងផ្ដួលរំលំរបបរាជានិយម ។ ទស្សនៈថេរវាទបាននាំមកនូវទ្រឹស្ដីថ្មីអំពីជីវិតគឺនិយាយអ្វី ដែលយើងអាចមើលឃើញស្រាប់ដែលមាននៅក្នុងសង្គមខុសពីព្រហ្មញ្ញនិងមហាយាន ។ ទ្រឹស្ដីនេះវាស្របទៅនឹងស្ថានភាពប្រជាជនខ្មែរ​កំពុងរងទុក្ខវេទនាស្រាប់ គ្មានក្ដីសង្ឃឹម ក៏នាំគ្នាអនុលោមប្រត្តិបត្តិតាម ។ តែពេលនោះពួកអ្នកដណ្ដើមអំណាចឆ្លៀតឱកាស​យកព្រះពុទ្ធសាសនាដើម្បីជាឧបករណ៍បម្រើនយោបាយរបស់ខ្លួនទៅវិញ ។
សម្រាប់បំពាក់ស្មារតី

គេបានយកទ្រឹស្ដីរបស់ពុទ្ធសាសនាថេរវាទមក​ធ្វើជាអាវុធដើម្បីវាយប្រហារស្ដេច ។ ដោយសាររងទុក្ខដោយសារស្ដេចជាច្រើនផងទើបធ្វើអោយប្រជានុរាស្ត្រគោរព ពេញចិត្ត ស្រលាញ់ អនុវត្តទ្រឹស្ដីថ្មីរបស់ពុទ្ធសាសនាថេរវាទ ។ ដូចនោះទើបគេមានជំនឿថាវាសនាអនាគត​របស់គេស្ថិតនៅលើពុទ្ធសាសនាផ្នែកថេរវាទ ។ ដោយមានលក្ខណៈស្របតាមគោលគំនិត ចំណង់របស់ប្រជារាស្ត្រខ្មែរ ប្រកបដោយមេត្តាធម៌ និងសណ្ដោសប្រណីដល់សព្វសត្វគ្រប់វណ្ណៈទាំងអស់ដោយឥតរើសអើងឡើយ ។ គេខ្ចីកម្លាំងខាងថេរវាទទៅតយុទ្ធនឹងលទ្ធិព្រហ្មញ្ញសាសនា ។ វាគឺជាការប្រយុទ្ធនឹងរបបរាជានិយមផ្ដាច់ការ ដែលលទ្ធិព្រហ្មញ្ញជាជន្ទល់របស់ព្រះមហាក្សត្រ ។ ការប្រយុទ្ធខាងទ្រឹស្ដីនិងមនោគមន៍វិជ្ជាវាស្រដៀង និងពិភពលោកបច្ចុប្បន្នដែរ ដូចជាលទ្ធិកុម្មុយនិស្តនិងលោកសេរី (សង្គ្រាមត្រជាក់) ។ កម្លាំងគឺមានលទ្ធភាពអាចរំលំរបបរាជានិយមបាន ។
សម្រាប់បំបាក់ស្មារតី

ក៏ប៉ុន្តែអ្នកកាន់អំណាចថ្មីក៏អនុវត្តភាពផ្ដាច់ការដដែល​មកលើប្រជារាស្ត្រខ្មែរទៀត ។ ដើម្បីវាយបំបាក់ស្មារតីប្រជាជនខ្មែរ ពួកក្រុមព្រះមហាក្សត្រសម័យក្រោយៗ​បានកែក្រឡៃព្រះពុទ្ធសាសនាថេរវាទបន្តិបន្តួច ក៏ប្រជាជនខ្មែរជឿស៊ប់ដែរ ។ វិធីទាំងនោះរួមមានការទេសនាអោយជឿលើពុទ្ធដិការ សរសេរនិពន្ធធ្វើជាសៀវភៅនិងរៀបរាប់អំពីពុទ្ធប្រវត្តិ ។ ក្នុងឱកាសនោះអ្នកនិពន្ធបានបញ្ចេញបញ្ចូលខ្លះៗដែលធ្វើជាការគំរាមកំហែងដល់ពុទ្ធសាសនិកជន ។ ដល់ពេលយូរៗទៅវាក៏ក្លាយជាការពិតដែលមនុស្សគ្រប់គ្នាត្រូវតែជឿដែលយល់ថាជាពុទ្ធដិការ ។ ចំណុចដែលគេយកមកគ្របសង្កត់ខ្មែរអោយភ័យខ្លាចជាទីបំផុតនោះគឺបាបនិងបុណ្យ ស្ថាននរក និង ស្ថានសួគ៌ ។ ក្នុងនោះប្រាប់ថាអ្នកមាន មន្ត្រី និងស្ដេចសុទ្ធតែអ្នកមានបុណ្យពីជាតិមុន ។ ដូច្នេះយើងមិនត្រូវតូចចិត្តអ្វីឡើយបើសិនជាយើងក្រមិនមានបានដូចគេនោះ ។ ពីព្រោះពីជាតិមុនយើងកសាងមិនល្អ ។ ហើយបើចង់មានបានដូចគេ យើងត្រូវតែធ្វើបុណ្យពីជាតិនេះហើយដើម្បីសន្សំបុណ្យទៅជាតិក្រោយ ។ ទស្សនៈបែបបានជ្រួតជ្រាបក្នុងសង្គមខ្មែរគ្រប់ជំនាន់មិនសេសសល់អ្វីឡើយ ។
វិធីបំភ្លេចបច្ចុប្បន្នភាព

ការឃោសនានោះអ្វីដែលគេបំភ្លេចចោលគឺបច្ចុប្បន្នកាល ។ បច្ចុប្បន្នកាលហាក់បីដូចជាគ្មានន័យអ្វីទេចំពោះសត្វលោក ។ បើយោងតាមការពន្យលនិងជំនឿខ្មែរ សត្វលោកកើតនៅបច្ចុប្បន្នកើតមកគ្រាន់តែដើម្បីសោយកម្មផលបុណ្យបាបតែប៉ុណ្ណោះ ។ ដើម្បីអោយជាតិខាងមុខបានល្អបានឡើងឋានសួគ៌គេត្រូវសាងបុណ្យអោយបានច្រើន ។ ទស្សនៈបែបនេះធ្វើអោយខ្មែរលែងរស់នៅក្នុងជីវិតបច្ចុប្បន្នបែរជាគិតថានេះជាកម្មអតីតរបស់ខ្លួនទៅវិញ ។ ប្រសិនជាចង់រើបង្រះ ប្រឆាំងនឹងធ្វើអោយខុសពាក្យព្រះ មិនត្រឹមតែប៉ុណ្ណោះធ្វើអោយខ្លួនធ្លាក់នរកទៀតផង ។ អ្វីដែលអ្នកកាន់អំណាចនិងអ្នកដឹកនាំពុទ្ធសាសនាជំនាន់នោះគឺបានរាំងខ្ទប់មិនអោយមនុស្សយល់អំពីជីវិតបច្ចុប្បន្នទេ ដោយអោយខ្មែរយើងតែងតែវង្វេងលើអតីតជាតិនិងអនាគតជាតិទៅវិញ ។ ព្រះពុទ្ធក៏សំដៅសំខាន់លើបច្ចុប្បន្នកាលដែរ ។ ដោយព្រះអង្គពន្យល់ថាបើអ្នកសាងបាបពេលបច្ចុប្បន្នក៏អាចទទួលក្នុងពេលបច្ចុប្បន្នដែរមិនចាំបាច់ជាតិក្រោយទេ ។ ឧទាហរណ៍ជាក់ស្ដែងមានក្នុងប្រវត្តិសាស្ត្រខ្មែរស្រាប់ ។ ដោយសារតែអវិជ្ជារបស់ប្រជាជនខ្មែរបូករួមទាំងការដឹកនាំអសមត្ថភាពរបស់អ្នកដឹកនាំ ទើបអ្វីទាំងនោះបានហុចផលភ្លាមៗ មិនបាច់ចាំជាតិក្រោយទេ ។ យើងមើលឃើញស្រាប់ជនជាតិខ្មែររួញទឹកដីមកដល់សព្វថ្ងៃនេះគឺលទ្ធផលអ្វីទាំងនោះហើយ ។ ផ្ទុយទៅវិញយើងឃើញក្នុងសម័យមហានគរព្រះរាជាចេះគិតគូរដល់ប្រជារាស្ត្រដូច្នេះអ្វីទាំងអស់នោះក៏ហុចផលភ្លាមៗមិនចាំបាច់ជាតិក្រោយឡើយ ។ ដោយសំអាងលើទ្រឹស្ដីបាបបុណ្យស្ថានសួគ៌ស្ថាននរកនេះហើយទើបគ្មានប្រជាជនណាម្នាក់ហ៊ានចោទប្រកាន់គេឡើយ ដោយយល់ថានេះជាការកសាងល្អរបស់គេពីជាតិមុនទៅវិញ ។
បច្ចុប្បន្នសម្រាប់បច្ចុប្បន្ន

គ្រាប់តែនាំគ្នាភ្លេចនិយាយពីកម្មពៀរបច្ចុប្បន្នប៉ុណ្ណេះ​ ប្រជារាស្ត្រខ្មែរវង្វេងបាត់បង់សតិដេកគិតរង់ចាំ សោយកម្មពីបុព្វេជានិច្ច ។ បើតាមពុទ្ធដិការ ព្រះអង្គមានបន្ទូលថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ពាក្យសម្ដីនេះយើងអាចយកដាក់ក្នុងអតីត បច្ចុប្បន្ន និងអនាគតត្រូវដូចគ្នា ។ ព្រះពុទ្ធបានត្រាស់ថាមិនមែនអ្វីទាំងអស់សុទ្ធតែបានមកពីអតីតនោះ ទេវាត្រូវរួមផ្សំគ្នានឹងបច្ចុប្បន្ននេះ​ដែលទើបអាចចេញជាផ្លែផ្កាភ្លាមក្នុងជាតិនេះ​នឹងអាចពូនជាផលបន្តបន្ទាប់ក្នុងពេលអនាគតទៀត ។ ព្រះអង្គមិនអោយមនុស្សភ្លេចបច្ចុប្បន្នឡើយ​ហើយព្រះពុទ្ធអោយកសាងបច្ចុប្បន្ន សម្រាប់បច្ចុប្បន្នដោយលោកយល់ យើងរស់នៅរាល់ថ្ងៃសំខាន់បំផុតគឺបច្ចុប្បន្ន ។ ដូច្នេះបើយើងរៀបចំបច្ចុប្បន្នល្អអនាគតក៏ល្អដូចគ្នាអញ្ជឹងដែរ ។ ដូចជាការកសាងអនាគតសង្គមដើម្បីកូនចៅយើងទៅថ្ងៃមុខអញ្ជឹង ។ បើយើងធ្វើមិនល្អអនាគតទៅអ្វីដែលយើងធ្វើវានឹ ងធ្លាក់ទៅកាន់កូនចៅទៅអនាគតយើងដូចអញ្ជឹងដែរ ។ មើលតាមក្នុងប្រវត្តិសាស្ត្រយើងអាចដឹងស្រាប់​ហើយអំពីភាពជូរចត់នៃប្រវត្តិសាស្ត្រខ្មែរ ។ អញ្ជឹងដូចនេះបដិវត្តន៍សតវត្សទី១៤មិនជាបដិវត្តន៍ទេ​វាគ្រាន់តែជាការដណ្ដើមអំណាចគ្នាប៉ុណ្ណោះ ។ យើងឃើញពុទ្ធសាសនាថេរវាទវាគ្រាន់តែជាឧបករណ៍​នយោបាយរបស់ស្ដេចតែប៉ុណ្ណោះ ។ ហើយវាក៏គ្មានលទ្ធផលអ្វីប្រសើរដល់ជាតិនិងរាស្ត្រដែរ ។ ដោយយកពុទ្ធសាសនាមកឡូកឡំដូច្នេះទើបធ្វើ​អោយជាតិដុនដាបវិនាសដល់សព្វថ្ងៃនេះ ។ ទិដ្ឋភាពទាំងនេះមិនជាអ្វីដែលថ្មីនោះទេ វាបានបកស្រាយក្នុងរឿងព្រេងនិទានខ្មែរមកជាហូរហែរមកស្រាប់ហើយ ។ អ្នកប្រាជ្ញបណ្ឌិតមិនហ៊ាននិយាយអោយចំឡើយគ្រាន់តែ​លោកបានបញ្ចូលវាទៅក្នុងរឿងនិទានដែលលោកប្រឌិតឡើង ។ ការយកសាសនាមកកែក្រឡៃបែបនេះ វាបានជះឥទ្ធិពលអាក្រក់ដល់ប្រជារាស្ត្រទាំងអតីត​និងបច្ចុប្បន្នតទៅអនាគតទៀត ។ តែបើយើងប្រើព្រះពុទ្ធសាសនាអោយល្អទៅតាមធម៌ពិតរបស់ព្រះអង្គ ដែលជាធម៌ប្រកបដោយមេត្តាធម៌ ករុណាធម៌នោះប្រទេសជាតិនឹងរីកចំរើន ។ ព្រះពុទ្ធបានត្រាស់ថា អ្វីក៏ដោយកើតឡើងពីចិត្តគំនិត បើចិត្តគំនិតល្អស្អាតស្អំនោះអ្វីទាំងនោះ​ ក៏បានល្អ បើគំនិតនោះមិនស្មោះត្រង់ល្អនោះវាក៏នាំមកក្ដីវិនាសអន្តរាយដូច្នេះដែរ ដូចយើងឃើញស្រាប់ក្នុងហេតុការណ៍ជាច្រើនក្នុងប្រវត្តិសាស្ត្រខ្មែរ ។[៣]
បដិវត្តន៍នាយត្រសក់ផ្អែម

ជ័យវរ្ម័នទី៩ជាស្ដេចចុងក្រោយបង្អស់ដែលគេស្គាលដោយសិលាចារឹក ។ តពីនេះទៅប្រវត្តិសាស្ត្រខ្មែរត្រូវពឹងផ្អែកទៅលើរាជពង្សាវតារ​ដែលជាឯកសារចងក្រងឡើងតែនៅស.វ.ទី១៨-១៩ ហើយដោយសំអាងទៅលើការទន្ទេញចាំមាត់និងលើអត្ថបទបូរាណខ្លះ ដែលពីដើមគេតម្កល់ទុកនៅក្រុងឧដុង្គ ។ រាជពង្សាវតារមានច្រើនច្បាប់កត់ត្រាព្រឹត្តិការណ៍ ដោយមានការដំណាលប្លែកៗគ្នា ហើយមានចុះកាលកំណត់ខុសៗគ្នាទៀត ។ នេះហើយជាមូលហេតុធ្វើអោយប្រវត្តិវិទូពិបាក​សិក្សាអំពីប្រវត្តិសាស្ត្រខ្មែរ​ក្រោយពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៩មក ។ អាស្រ័យដោយហេតុដូចបានរៀបរាប់រួចមកហើយ អ្នកប្រវត្តិវិទូមានការអល់ឯកយ៉ាងខ្លាំងមិនដឹងថា ត្រូវដាក់ស្ដេចអង្គណាក្នុងរាជពង្សាវតារឱ្យសោយ​រាជ្យតពីជ័យវរ្ម័នទី៩ដែលគេមិនទាំងដឹងថា បានសោយទីវង្គតនៅឆ្នាំណាផង ។ រួចមកហើយ អ្នកប្រវត្តិវិទូភាគច្រើននិយមដាក់នាយ​ត្រសក់ផ្អែមអោយសោយរាជ្យតពីជ័យវរ្ម័នទី៩ ព្រោះឯកសារជាច្រើនបានកត់ត្រាទុកថាបុគ្គលនេះបានឡើង​សោយរាជ្យនៅប្រមាណឆ្នាំ១៣៤០ ។ ចំពោះរឿងនាយត្រសក់ផ្អែមនេះមានដំណាលខុសៗគ្នាទៅតាមក្បួនរាជពង្សាវតារ ប៉ុន្តែរឿងទាំងនោះមានចំណុចស្របគ្នាខ្លះដែល​យើងអាចដកស្រង់បានដូចតទៅនេះ៖ ១.មានបុរសម្នាក់ដាំត្រសក់មានរសជាតិផ្អែម បានបេះផ្លែត្រសក់ទៅថ្វាយស្ដេចហើយបានទទួលលំពែងសម្រាប់ការពារត្រសក់របស់ខ្លួន ។ ២.បានសម្លាប់ស្ដេចដោយអចេតនានៅពេលយប់ ដោយស្មានថាជាចោរមកលួចផ្លែត្រសក់របស់ខ្លួន ។ ៣.បាននាម៉ឺនសព្វមុខមន្ត្រីមូលមតិគ្នាលើកអោយឡើងសោយរាជ្យ ហើយលើកបុត្រីស្ដេចអោយជាមហេសីទៀតផង ។ គួរកត់សំគាល់ថារឿងនាយត្រសក់ផ្អែមនេះមានលំនាំប្រហាក់ប្រហែលនឹងរឿងព្រេងជាប់ទាក់ទងទៅនឹងរាជវង្សភូមាមួយនៅស.វ.ទី១០ដែលមានសេចក្ដីដំណាលជាសង្ខេបថា៖ នៅគ.ស.៩៣១ អ្នកដាំត្រសក់ម្នាក់ឈ្មោះញ៉េងអ៊ូសយ៉ៈហាន (Nyaung-u So-rahan) បានឡើងសោយរាជ្យនៅក្រុងបូកាន ក្រោយពីបានធ្វើគត់ស្ដេចឈ្មោះសេងខូ (Singho) ដែលបានលបលួចបេះត្រសក់របស់ខ្លួនក្នុងដំណើរធ្វើប្រមាញ់នៅក្នុងព្រៃហើយដែលខ្លួនពុំបានស្គាល់ថាជាស្ដេចផែនដី ។ ម្យ៉ាងទៀតនៅមុនពេលនោះបោះបង់ក្រុងអង្គរ គេឃើញខ្មែរយើងមានប្រើពាក្យ ពញា (ព្ញៀ)សម្រាប់ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យនិងមន្ត្រីជាន់ខ្ពស់ដូចពញាយ៉ាតជាដើម ។ គេបានសង្កេតឃើញថា ជនជាតិមនក្នុងបុរាណកាលក៏ធ្លាប់ប្រើពាក្យពញានេះជាឋានន្តរសក្ដិនៃមន្ត្រីជាន់ខ្ពស់ដែរ ។ នៅត្រង់នេះ អ្នកប្រវត្តិសាស្ត្របានចោទសួរថា តើរឿងព្រេងនៅស្រុកខ្មែរមានទំនាក់ទំនងយ៉ាងដូចម្ដេចខ្លះជាមួយ​នឹងរឿងព្រេងនៅប្រទេសភូមា? ហើយកាលខ្មែរប្រើពាក្យ ពញានៅពេលនោះតើបណ្ដាលមកពីហេតុអ្វីទៅ? ទោះបីពុំទាន់មានចម្លើយណាអោយបានសមរម្យសម្រាប់សំណួរទាំងនេះក៏ដោយក៏ យើងអាចប៉ាន់ស្មានថា ប្រហែលធាតុទាំងនោះបាននាំចូលប្រទេសខ្មែរតាមរយៈពុទ្ធសាសនាហិនយាន​ប្រើភាសាបាលី ដែលអ្នកស្រាវជ្រាវយល់ថាបានហូរចូលមក​ក្នុងជ្រោយសុវណ្ណភូមិភាគខាងលិចមុនគេគឺនៅត្រង់ម្ដុំប្រទេសមន រួចផ្សាយចូលមកតំបន់វាលទំនាបទន្លេមេណាមរួចផ្សាយចូលបន្តមក​ក្នុងប្រទេសខ្មែរទៀត ។ លោកជីវតាក្វាន់ ទូតចិនដែលបានមកទស្សនាក្រុងអង្គរនៅចុងស.វ.ទី១៣ ក៏បានកត់សំគាល់ឃើញថា នៅសម័យនោះមានគេនិយមកាន់ច្រើនគ្នាណាស់ទៅហើយ ។ មានអ្នកប្រវត្តិវិទូខ្លះទៀតដូចលោក អាដឺម៉ា ឡឺឃ្លែរ និងលោក Dauphin Meunier (ដូផ្វាំង មូញ៉េ) ជាដើម យល់ថាព្រឹត្តិការណ៍នាយត្រសក់ផ្អែមឡើងសោយរាជ្យនៅក្រុងអង្គរនោះជាមហាបដិវត្តន៍មួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបដិវត្តិន៍នោះ គឺជាបដិវត្តិន៍ខាងនយោបាយនិងខាងសាសនា ។ តើពិតជាមានបដិវត្តិន៍មែនឬយ៉ាងណា ? តើអ្វីខ្លះជាមូលហេតុនៃបដិវត្តិន៍នោះ ? យ៉ាងណាមិញ លទ្ធិទេវរាជដែលព្រះបាទជ័យវរ្ម័នទី២បានប្រារព្ធធ្វើជាលើកដំបូងនៅលើភ្នំគូលែននៅឆ្នាំ៨០២នោះ គែជាអាវុធមួយយ៉ាងសក្ដិសិទ្ធ ក៏ប៉ុន្តែអាវុធនោះអាវុធមុខពីរ បានសេចក្ដីថាវា អោយផលល្អផងអោយផលអាក្រក់ផង ។ វាអោយផលល្អត្រង់ថា រាស្ត្រចាត់ទុកជ័យវរ្ម័នទី២ ជាអាទិទេពមួយអង្គ ដោយបានធ្វើសន្តិភាវូបនីយកម្មបង្រួបបង្រួមជាតិ​និងដេញកម្ចាត់សត្រូវឈ្លានពានអោយចេញពីទឹកដីខ្មែរ ម៉្លោះហើយរាស្ត្រក៏បាក់បបខ្លបខ្លាចព្រះចេស្ដា រួចរួមសាមគ្គីជុំវិញរាជបល្ល័ង្កធ្វើការកសាងជាតិអោយបានដល់ភាពរុងរឿង ត្រចះត្រចង់បំផុត ក្នុងប្រវត្តិសាស្ត្រខ្មែរសមទៅតាមបំណងរបស់ស្ដេច អាទិទេពដែលចង់បង្ហាញអោយរាស្ត្រឃើញថា លោកមានមហិទ្ធិរិទ្ធិពិតប្រាកដមែន ។ វាអោយផលអាក្រក់ត្រង់វាតម្រូវអោយមានការកសាងប្រាសាទថ្មកាន់តែធំឡើងហើយកាន់តែច្រើនឡើងហើយស្រូបយកនូវកម្លាំង ពេលវេលា និងទ្រព្យសម្បត្តិច្រើនពេកពីរាស្ត្រ ដែលនៅទីបំផុតទៅរកតែផ្លូវគេចអោយផុតពីបន្ទុកនៃភាពរុងរឿង​របស់ព្រះមហាក្សត្រខ្លួនហើយរត់ទៅជ្រកក្រោមម្លប់ដ៏ត្រជាក់​នៃព្រះពុទ្ធសាសនាថេរវាទដែលប្រៀនប្រដៅ​អោយមនុស្សលោកលះបង់អ្វីៗទាំងអស់ដើម្បីឈោងចាប់យកនិព្វានជាទីបរមសុខ ។ បើតាមពិនិត្យមើលទៅឃើញថាទំនាស់ក្នុងផ្លូវសាសនានេះមានយូរណាស់មក​ហើយគឺតាំងពីក្នុងរជ្ជកាលឧទយាទិត្យវរ្ម័នទី២ម៉្លេះ (១០៥០-១០៦៦) ដោយនៅពេលនោះ គេឃើញមានការបះបោរបីលើកហើយក្នុងចលនាំទាំងនោះ ពួកបះបោរបានវាយកម្ទេចសិវលិង្គនិងបដិមាផ្សេងៗខាងព្រាហ្មណ៍សាសនាផង ។ ឯពុទ្ធសាសនាឃើញថាមានការរីកចម្រើនលូតលាស់កាន់តែខ្លាំងជាពិសេស​ក្នុងរជ្ជកាលរបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ (១១៥៥-?) និងព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨?) រហូតដល់មានប្រតិកម្មយ៉ាងខ្លាំងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៨ ពីសំណាក់អ្នកកាន់សាសនាព្រាហ្មណ៍ ។ ដូច្នេះយើងឃើញថា វិបត្តិខាងសាសនាកាន់តែរីកធំឡើង ដោយបន្ទាប់ពីនោះមានស្ដេចខ្លះក៏ត្រឡបទៅកាន់ពុទ្ធសាសនាវិញ ហើយជាពុទ្ធសាសនាថេរវាទថែមទៀត ដែលព្រះអង្គម្ចាស់តាមលិន្ទបាននាំចូលស្រុកខ្មែរប្រហែលតាំងពីរជ្ជកាលឥន្ទ្រវរ្ម័នទី២មកម៉្លេះ ហើយក៏មានស្ដេចខ្លះត្រឡប់ទៅកាន់សាសនាព្រាហ្មណ៍វិញដែរ រហូតដល់រជ្ជកាលរបស់នាយត្រសក់ផ្អែម និងកូនចៅរបស់គាត់ដែលសោយរាជ្យតរៀងមក ទើបស្ដេចខ្មែរកាន់ជាប់តែពុទ្ធសាសនារហូតដលើសព្វថ្ងៃ ។ ត្រង់នេះហើយជាហេតុនាំអោយអ្នកប្រវត្តិសាស្ត្រខ្លះយល់ថា កាល​ដែលនាយត្រសក់ផ្អែមធ្វើគត់ស្ដេច​ហើយបាននាម៉ឺនសព្វមុខមន្ត្រីលើកអោយឡើងសោយរាជ្យ ជាបដិវត្តន៍ដណ្ដើមយកអំណាចនយោបាយនិងអំណាចសាសនាដែលនៅជាប់គ្នា ព្រោះក្នុងសម័យនោះអំណាចទាំងពីរស្ថិតនៅក្នុងការកាន់កាប់ របស់ព្រះមហាក្សត្រទាំងអស់ ។[៤]
សង្គ្រាមជាមួយសៀម

បន្ទាប់ពីបានក្លាយទៅជាប្រទេសមក ស្ដេចសៀមគ្រប់អង្គតែងមានគំនិតយកទឹកដី និងដាក់ប្រទេសកម្ពុជាជាចំណុះ។ សង្គ្រាមជាមួយសៀមម្ដងៗ មិនត្រឹមតែបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ផលដំណាំ និងជីវិតប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញសេដ្ឋកិច្ចខ្មែរសល់ឫសគល់ទៀតផង។
ចម្បាំងលើកទី២ជាមួយសៀម

ក្រោយពីព្រះបាទត្រសក់ផ្អែមសោយទីវង្គតទៅ បុត្ររបស់ព្រះអង្គព្រះនាមនិព្វានបទ បានឡើងសោយរាជ្យស្នងពីឆ្នាំ១៣៤០ដល់១៣៤៦និងចៅរបស់ព្រះអង្គ (បុត្រព្រះបាទនិព្វានបទ)ព្រះនាមលំពង់រាជាបានទទួលរាជសម្បត្តិពីឆ្នាំ១៣៤៦ដល់១៣៥១ ។ នៅឆ្នាំ១៣៥១ស្ដេចសៀមព្រះនាមរាមាធិបតីក្រោយពីបានតាំងរាជធានីនៅក្រុងអយុធ្យា ហើយក៏បានលើកទ័ពចូលមកវាយខ្មែរ ។ តែមុននឹងមកដល់អង្គរទ័ពសៀមត្រូវឧបរាជខ្មែរ (ស្រីសុរិយោទ័យអនុជលំពង់រាជា) លើកទ័ពទៅស្កាត់វាយបាក់ ទ័ពថយទៅវិញអស់ ។ ព្រះលំពង់រាជានឹកស្មានថាសត្រូវពុំអាចធ្វើអ្វីបានទៀត​ក៏ទ្រង់បញ្ជារំសាយកងទ័ព​អោយទៅកាន់ទីលំនៅរៀងៗខ្លួនវិញ ។ លុះឮថាសៀមលើកទ័ពចូលមកជាថ្មីម្ដងទៀត ខ្មែរកែនទ័ពមិនទាន់ក៏ដេញរាស្ត្រអោយចូល​ក្នុងកំពែងមហានគរហើយកែនពលអោយការពារ​ ។ ទ័បសៀមមកឡោមព័ទ្ធជុំជិតអស់រយៈពេល១ឆ្នាំ៥ខែ ។ ទ័ពជំនួយខ្មែរជាច្រើនបានលើកពីកន្លែងផ្សេងៗតែដោយមកមិន ស្មើគ្នាក៏ត្រូវទទួលបរាជ័យ ។ ឯខាងសៀមក៏ចេះតែបញ្ជូនទ័ពមកជាបន្ថែម ។ ព្រះលំពង់រាជាក៏សោយទីវង្គតដោយរោគ ។ សៀមវាយលុកចូលកាន់តែខ្លាំង ហើយនៅទីបំផុតមេទ័ពសៀម បាសាត វាយទម្លាយបានទ្វារខាងកើត ។ ការប្រយុទ្ធគ្នាក៏មានបន្តទៅទៀតនៅក្នុងក្រុង ជាហេតុនាំអោយព្រះឧបរាជស្រីសុរិយោទ័យក៏សុគតទៅទៀត ។ ក្នុងគ្រានោះស្ដេចនិងរាជគ្រូបុរោហិតបាននាំយកគ្រឿងសម្រាប់រាជ្យវាយទម្លាយទ័ពសៀមរត់រួចចេញទៅ ។ ប៉ុន្តែរាជធានីអង្គរត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សៀមនៅឆ្នាំ១៣៥២ ។ ក្រោយពីបានអភិសេកបុត្រនាម ចៅបាសាត អោយឡើងសោយរាជ្យនៅក្រុងអង្គរនិងតែងតាំងចៅហ្វាយខេត្តជាតិសៀមអោយត្រួតត្រាខេត្តខ្មែរទាំងឡាយនៅភាគខាងលិច ដែលគេយកបានក្នុងដំណើរវាយលុកចូលក្រុងអង្គរព្រះចៅរាមាធិបតីទ្រង់បានត្រឡប់ទៅក្រុងអយុធ្យាវិញដោយបានកៀររាស្ត្រយក​ទៅជាឈ្លើយនិងដឹកបញ្ជូនទ្រព្យសម្បត្តិអស់ជាច្រើនទៀតផង ។ បុត្ររបស់ព្រះចៅរាមាធិបតីទាំង៣គឺ បាសាត បាអាត និងកំបង់ពិសី​បានឡើងសោយរាជ្យជាបន្តបន្ទាប់នៅក្រុងអង្គរពីឆ្នាំ១៣៥២ដល់១៣៥៧ ។ ពេលនោះព្រះសុរិយោវង្សអនុជព្រះលំពង់រាជាដែលបានភៀសព្រះអង្គទៅប្រទេសលាវ លានជាង នោះបានលើកទ័ពមកវាយយកបាន ក្រុងអង្គរនៅឆ្នាំ១៣៥៧ ។ ចៅកំបង់ពិសីត្រូវសុគតក្នុងសង្គ្រាម ។ បន្ទាប់មកខ្មែរក៏បានវាយកម្ចាត់សៀមអោយចេញផុតពី នគររាជសីមានៅទិសពាយ័ព្យនិង បស្ចឹមនៅទិសនិរតី ។ ព្រះបាទសុរិយោវង្សបានសោយទីវង្គតនៅឆ្នាំ១៣៦៣ដោយរោគា ។ ក្មួយរបស់ព្រះអង្គព្រះនាមបរមរាមាបានឡើងសោយរាជ្យស្នងពីឆ្នាំ១៣៦៣ដល់១៣៧៣ ។ ព្រះអង្គបានចងស្ពានមេត្រីជាមួយព្រះចៅហុងវ៉ូនៃរាជវង្សមិង ។ ឯជនជាតិសៀមក៏ពុំបានមកឈ្លានពានខ្មែរទៀតទេ ដោយជាប់ដៃក្នុងការប្រយុទ្ធជាមួយក្សត្របុរីជាច្រើននៅខាងជើងក្រុងអយុធ្យា ។[៥]
ចម្បាំងលើកទី៣ជាមួយសៀម

ស្ដេចដែលឡើងសោយរាជ្យនៅឆ្នាំ១៣៧៣​គឺព្រះបាទធម្មាសោកជាព្រះអនុជព្រះបរមរាមា។ គ្រានោះ នៅប្រទេសសៀមស្ដេចរាមាសូរបានឡើងសោយរាជ្យ ហើយក៏បន្តនយោបាយពង្វាតទឹកដីរបស់រាមាធិបតីមកលើទឹកដីខ្មែរ ។ ក្រុងអង្គរត្រូវឡោមព័ទ្ធសាជាថ្មីអស់រយៈពេល៧ខែ (ពីខែមិគសិរដល់ខែជេស្ឋ) ។ ដោយឃើញថាមិនអាចប្រយុទ្ធយកជ័យជម្នះលើខ្មែរដោយកម្លាំងអាវុធបាន ទើបសៀមប្រើឧបាយកលម្ដងវិញ ។ ទាហានសៀមចំនួន១៥នាក់ បានធ្វើកលសុំចុះចូលខាងខ្មែរដោយយកលេសថា ស្ដេចសៀមធ្វើបាបខ្លួនខ្លាំងពេក ព្រោះតែខ្លួនច្បាំងមិនឈ្នះខ្មែរ ។ នៅទីបំផុតពួកនេះបានរកមធ្យោបាយបើកទ្វារខាងលិចបាន ។ ក្រុងអង្គរក៏ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមជាលើកទី២ (១៣៩៣) ។ ឯព្រះបាទធម្មាសោកក៏បានសោយទីវង្គតនៅពេលដែលសៀមហ៊ុំព័ទ្ធក្រុងអង្គរនោះទៅ ។ ព្រះចៅសៀមបានអភិសេកបុត្រឈ្មោះពញាព្រែក អោយឡើងសោយរាជ្យនៅឆ្នាំ១៣៩៤ (ឥន្ទរាជា) រួចដឹកជញ្ជូនទ្រព្យសម្បត្តិនិងកៀរឈ្លើយខ្មែរ ៧០០០០នាក់ត្រលប់ទៅក្រុងអយុធ្យាវិញ ។ គ្រានោះ ពញាយ៉ាតជាបុត្រសុរិយោវង្សបានរត់រួច ហើយទៅកែនទ័ពតាំងមូលដ្ឋាននៅទួលបាសាន ។ ចលនារំដោះជាតិដឹកនាំដោយស្ដេចអង្គនេះមានការរីកចម្រើនឆាប់រហ័សណាស់ ។ តែប្រាំខែក្រោយមកទ័ពខ្មែរមានសមត្ថភាពអាច​លើកមកវាយរំដោះយកបានក្រុងអង្គរវិញ ។ តែមុននឹងទ័ពធំចូលមកដល់ពញាយ៉ាត​បានបញ្ជាអោយទាហានស្ម័គ្រចិត្ត១២នាក់ធ្វើកលទៅសុំចុះចូល​ជាមួយនឹងស្ដេចសៀម ហើយដកអាវុធធ្វើគត់ស្ដេចសៀមនៅនឹងកន្លែងតែម្ដង ។ លុះវាយរំដោះបានរាជធានីហើយពញាយ៉ាតក៏យកស្រីសៀមឈ្មោះស៊ីសាងាម ជាប្អូនជីដូនមួយរបស់ស្ដេចសៀមធ្វើជាស្នំឯកហើយឡើងសោយរាជ្យនៅក្រុងអង្គរជាសុខសាន្តរៀងមកដោយមានមរណនាមថា រាជឱង្ការព្រះបរមរាជាធិរាជ ។[៦]
កំហូចប្រព័ន្ធធារាសាស្ត្រ

នៅជុំវិញទីក្រុងអង្គរ ប្រព័ន្ធធារាសាស្ត្រជានយោបាយយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់យកទឹកមកប្រើប្រាស់ក្នុងទីក្រុង និងស្រោចស្រពដីស្រែរាប់ម៉ឺនហិចតា។ ក្រោយសង្គ្រាមជាមួយសៀម បារាយណ៍ទាំងនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់។ ផ្សេងពីនេះ គ្រោះធម្មជាតិបានធ្វើឲ្យប្រព័ន្ធធារាសាស្ត្រខ្មែរខូចខាតមិនអាចជួសជុលបាន។
ការបាត់បង់កម្លាំងពលកម្មនៃប្រជាករ

សម័យមហានគរ កម្ពុជាមានប្រជាជនប្រហែល២០លាននាក់។ ក្រុងអង្គររឹងមាំដោយសារប្រជាជនបណ្ដាខេត្តខាងលិច និងខាងជើងច្រើនកុះករ និងអំណោយផលនៃកសិកម្មទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នៅជុំវិញក្រុងអង្គរ ប្រជាជនប្រកបរបរផ្សេងៗ មានកសិកម្ម សិប្បកម្មនេសាទ បរបាញ់ ប្រមូលរុក្ខផលព្រៃឈើ ជ័រ វល្លិ … ។ ប្រជាជនភាគច្រើនធូរធារ និងមានសុខភាពមាំមួន។ ក្រោយសង្គ្រាមសៀមឈ្លានពាន ដែនដីខាងលិច និងខាងជើងរបស់យើង ត្រូវបាត់បង់ជាមួយប្រជាជនរាប់លាននាក់។ ប្រជាជនដែលសេសសល់ ត្រូវទទួលរងគ្រោះទុរភិក្ស និងជម្ងឺឆ្លង។ ជុំវិញទីក្រុងអង្គរ និងបណ្ដាខេត្តជិតៗនោះ ក្លាយទៅជាតំបន់រហោស្ថានស្ងាត់ជ្រងំ ដោយសាររោគរាតត្បាត និងគ្រោះទុរ្ភិក្ស ដែលបណ្ដាលពីទឹកជំនន់ និងការរាំងស្ងួត។
ចំណាកចំណោលអង្គរ

ចំណាកចំណោលអង្គរ កើតឡើងក្រោយពីយកជ័យជំនះបានលើពួកសៀមឈ្លានពាន។ ពេលពួកសៀមដកថយទៅ ទីក្រុងអង្គរគ្មានសេសសល់អ្វីទេ សម្បត្តិទ្រព្យដែលមានទាំងប៉ុន្មាន ត្រូវពួកសៀមប្រមូលយកអស់។ ប្រជារាស្ត្រអង្គរត្រូវសៀមកៀរយកអស់ជាច្រើន។ ខ្លះក៏ភៀសខ្លួនមកភាគខាងត្បូង ណាមួយព្រោះតែសង្គ្រាមច្រើនលើកពេកធ្វើ​អោយមនុស្សតិចពេកពិបាកការពាររាជធានីផង ។ នៅឆ្នាំ១៤៣១ ដោយចេះតែរអែងខ្លាចសៀមចូលលុកលុយប្រទេសខ្មែរទៀតព្រះបាទពញាយ៉ាត​ក៏បានសម្រេចព្រះទ័យលើករាជធានីចេញឆ្ងាយពីអង្គរ ។ ការបោះបង់ទីក្រុងចាស់ ទៅនៅតំបន់ភូមិភាគខាងត្បូងនៃប្រទេស គឺជាការកសាងជីវភាពថ្មីនៃជនជាតិខ្មែរ ក្រោមការដឹកនាំនៃព្រះបាទពញាយ៉ាត ។ ដោយសារតែពេលនោះក្រុងអង្គរនៅចម្ងាយប្រហែល៤០០គ.មពីក្រុងអយុធ្យា ។ ភូមិភាគខាងត្បូងនៃរាជាណាចក្រកម្ពុជា ពុំបានរងគ្រោះដោយសង្គ្រាមឈ្លានពានពីពួកសៀមទេ។ តំបន់នេះបានផ្ដល់កម្លាំងកាយចិត្ត ស្បៀងដល់កងទ័ពរបស់ព្រះបាទពញាយ៉ាតក្នុងសម័យរំដោះប្រទេសពីពួកសៀមឈ្លានពាន។ ក្រោយពីបានប្រឹក្សាសួរយោបល់ពីនាម៉ឺនសព្វមុខមន្ត្រីហើយ ព្រះបាទពញាយ៉ាតក៏ទ្រង់បញ្ជាអោយលើករាជធានីទៅតាំងនៅ ទួលបាសានក្នុងខេត្តស្រីសឈរវិញ ។ តែដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាអោយលើករាជធានីពីទួលបាសានទៅតាំងនៅ ភ្នំដូនពេញ ចតុមុខវិញ ។[៧]

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s