កម្ពុជាសម័យមហានគរ

សម័យ​មហានគរ​ គឺ​ជា​សម័យ​កាល​មួយ​ ដែល​ប្រទេសកម្ពុជា រីកចម្រើន​ដល់​កំពូល​ លើ​គ្រប់​វិស័យ​ ក្រោម​ការ​ដឹកនាំ​ដោយ​ព្រះបាទជ័យវរ្ម័នទី៧ ។
លោតទៅ៖ ទិសដៅ, ស្វែងរក
អត្ថបទនេះគឺជាផ្នែកបន្តបន្ទាប់គ្នាមួយលើ
ប្រវត្តិសាស្ត្រកម្ពុជា

ប្រវត្តិសាស្ត្រដើមដំបូង
នគរវ្នំ

នគរកម្ពុជា រឺ ចេនឡា
(ទឹកលិច-ដីគោក)


សង្គមសម័យមហានគរ

សង្គមសម័យមហានគរ

ប្រជាជនសម័យមហានគរចែកជាបី៖

ក្រុមសាសនា មាន ព្រាហ្មណ៍ និងបព្វជិត
ក្រុមអ្នកធ្វើចម្បាំង មានក្សត្រ និងនាម៉ឺន
ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ សិប្បករ … ។

ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស ។ ប្រាសាទនីមួយៗមានអ្នកបម្រើ អ្នកការពារ និងអ្នកធ្វើពិធីផ្សេងៗទៀតរាប់ពាន់នាក់ ។ មន្ត្រីរដ្ឋបាលទទួលអំណាចពីព្រះមហាក្សត្រមកគ្រប់គ្រងកសាង និងការពារប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។
របៀបគ្រប់គ្រងប្រទេស

ក. លក្ខណៈនៃការគ្រប់គ្រង

ការគ្រប់គ្រងនាសម័យមហានគរ ធ្វើទៅតាមទស្សនៈសាសនាព្រាហ្មណ៍ ។ ព្រះមហាក្សត្រជាអាទិទេព បែងភាគចុះមកគ្រប់គ្រងមនុស្សលោក ។ ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកអនុវត្ត និងជាចៅក្រមកាត់ក្ដីទៀត ។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រជាមេទ័ពដ៏ខ្លាំងក្លាផងដែរ ។
ខ. ការរៀបចំរដ្ឋបាល

សម័យមហានគរ កម្ពុជាជាប្រទេសសក្ដិភូមិមួយមានមន្ត្រីច្រើន ។ អំណាចគ្រប់គ្រងត្រូវបែងចែកជាពីរគឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ ។ ព្រះរាជាជាម្ចាស់ផែនដី ឆ្លងតាមលទ្ធិទេវរាជ អំណាចព្រះរាជាមានប្រភពចេញពីព្រះអាទិទេព ព្រះអង្គមានសិទ្ធិលើដីធ្លីទាំងអស់ ព្រះអង្គជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់ អាចជ្រើសតាំង និងដកហូតមន្ត្រីធំៗតាមព្រះទ័យ ។ ទ្រង់ជាមេបញ្ជាការទ័ពផ្ទាល់ ជាអ្នកដឹកនាំនយោបាយ និងជាមេសាសនាទៀតផង។
អន្តោប្រវេសន៍
ក.ជនជាតិសៀម

សៀមជាជនជាតិមួយ រស់នៅតំបន់យូណានប្រទេសចិន។ នៅសតវត្សទី៨ ពួកសៀមបានបង្កើតរដ្ឋមួយឈ្មោះថាណានចាវ ។ ពេលនោះរដ្ឋអំណាចចិន មិនសប្បាយចិត្តនឹងរដ្ឋណានចាវនេះ ហើយបានធ្វើការបុករុកឲ្យជនជាតិនេះរត់ភៀសខ្លួនចូលមកក្នុងដែនដីឥណ្ឌូចិនបន្តិចម្ដងៗ ។ ក្រោយពីការបែកបាក់រដ្ឋណានចាវ និងការរាតត្បាតអំពីពួកម៉ុងហ្គោលនៅស.វ.ទី១៣ ជនជាតិសៀម បានរុលចុះមកតំបន់ឥណ្ឌូចិនកាន់តែច្រើនឡើងៗ ហើយបង្កើតបានជាកុលសម្ព័ន្ធតូចៗរស់នៅលើដែនដីខ្មែរ ភាគខាងលិច និងពាយ័ព្យ​។ នៅចុងសតវត្សទី១៣ ពួកសៀមបានបង្កើតរដ្ឋឯករាជ្យមួយឡើង រួចចាប់ផ្ដើមគំរាមកំហែង បូរណភាពទឹកដីខ្មែរតាំងតែពីពេលនោះមក ជាប់ឥតដាច់រហូតមកដល់ បច្ចុប្បន្ននេះ​​ ។
ខ. ជនជាតិចាម

ចាម ជាជនជាតិមួយរស់នៅតាមបណ្ដោយឆ្នេរខាងកើតជ្រោយឥណ្ឌូចិន ។ នៅសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានបង្កើតរដ្ឋមួយឈ្មោះថា ចម្ប៉ា។ បច្ចុប្បន្ន រដ្ឋនេះបានបាត់បង់ព្រោះវៀតណាមរាតត្បាតយកបានទាំងស្រុង ។
ទំនាក់ទំនងនឹងប្រទេសជិតខាង
ក. ទំនាក់ទំនងជាមួយសៀម

ពួកកុលសម្ព័ន្ធសៀមបានជ្រៀតចូលមករស់​នៅលើទឹកដីរបស់ខ្មែរតាំងពីសតវត្សទី៩មកម្ល៉េះ ។ នៅចុងសតវត្សទី១៣ ពួកកុលសម្ព័ន្ធសៀមពីរក្រុម បានបង្កើតរដ្ឋឯករាជ្យពីរ មួយនៅតាមដងទន្លេមេណាមឈ្មោះ សុខោទ័យ និងរាជធានីឆៀងសែន នៅទន្លេមេគង្គ ។ ការកកើតរដ្ឋសៀមទាំងពីរនេះ បានបញ្ចប់អំណាចត្រួតត្រារបស់ខ្មែរនៅលើទឹកដីនៃដងទន្លេអាណាម និងខ្ពង់គោរាជ ។ នៅឆ្នាំ១២៨៣ ពួកសៀមចាប់ផ្ដើមឈ្លានពានខ្មែរ​ ។ នៅពាក់កណ្ដាលសតវត្សទី១៤ រដ្ឋសៀមទាំងពីរ បានបង្រួបបង្រួមគ្នាជារដ្ឋឯកភាពមួយ ដោយមានរាជធានីឈ្មោះអយុធ្យា ។ ចាប់ពីឆ្នាំ១៣៥១ ស្ដេចក្រុងអយុធ្យាបានលើកទ័ពមកវាយក្រុងអង្គរជាញឹកញាប់ ព្រមទាំងបានកាន់កាប់ក្រុងនេះផង ។ ដោយសៀមចេះតែលើកទ័ពមកគំរាមកំហែងខ្លាំងពេក ហើយពេលយកជ័យជម្នះលើកងទ័ពសៀមរួចមក ព្រះបាទពញាយ៉ាតជាព្រះមហាក្សត្រខ្មែរ ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរនៅឆ្នាំ១៤៣១ ។
ខ. ទំនាក់ទំនងជាមួយចាម

នៅដើមសម័យអង្គរ ប្រទេសចម្ប៉ាបានលើកទ័ពចូលមកលុកលុយប្រទេសកម្ពុជាញឹកញាប់តាមជើងគោកផង តាមជើងទឹកផង ។ ពេលចូលមកលុកលុយប្រទេសកម្ពុជាម្ដងៗ ពួកចាមបានឆក់ប្លន់ទ្រព្យសម្បត្តិ និងដុតផ្ទះសម្បែងរបស់ប្រជារាស្ត្រខ្មែរជារៀងរាល់លើក ។ ពេលនោះកងទ័ពខ្មែរបានដេញកម្ចាត់ចាមឲ្យរត់ខ្ចាត់ខ្ចាយអស់​ទៅវិញជាបន្តបន្ទាប់​ ។ ព្រះមហាក្សត្រខ្មែរ ទ្រង់បានច្បាំងនឹងចាមជាច្រើនដង ដោយវាយយកនគរចាមដាក់ជាចំណុះ និងឲ្យចាមនាំសួយសារអាករមកថ្វាយព្រះអង្គ ។
ចាប់ពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២(១១១៣ – ១១៦២) រហូតដល់ព្រះបាទជ័យវរ្ម័នទី៧(១១៨១ – ១២១៨) ខ្មែរនិងចាមបានធ្វើសង្គ្រាមសងសឹកគ្នាជាញឹកញាប់ ។
នៅឆ្នាំ១១៤៥ ព្រះបាទសូរ្យវរ្ម័នទី២បានលើកទ័ពទៅវាយយកប្រទេសចាមដាក់ជានគរចំណុះ ។ ឆ្នាំ១១៧៧ ឆ្លៀតពេលដែលប្រទេសកម្ពុជាមានភាពវឹកវរ ចាមបានលើកទ័ពចូលមកកម្ទេចទីក្រុងអង្គរ ធ្វើគុតព្រះមហាក្សត្រខ្មែរ ហើយដាក់ប្រទេសកម្ពុជាជាចំណុះវិញ ។ ព្រះបាទជ័យវរ្ម័នទី៧រំដោះទីក្រុងអង្គរបានពីចាមមកវិញនៅឆ្នាំ១១៨១ ។ ក្រោយមក កងទ័ពខ្មែរបានវាយយកប្រទេសចាមដាក់ជាអាណាខេត្តរបស់ខ្មែរអស់ពេលដ៏យូរ ។
ការរៀបចំក្រុងអង្គរ

ក្រោយពីរំដោះប្រទេសរួចពីជ្វា ព្រះបាទជ័យវរ្ម័នទី២(៨០២) បានជ្រើសរើសតំបន់ខាងជើងបឹងទន្លេសាប​ដែលមានលក្ខណៈអំណោយផលល្អខាងកសិកម្ម និងជាតំបន់ចំកណ្ដាលព្រះរាជាណាចក្រ​ដែលមានគមនាគមន៍តាមផ្លូវទៅតំបន់នគររាជ និងគមនាគមន៍តាមផ្លូវទឹកទៅកំពង់ផែអូរកែវដើម្បីកសាងរាជធានី ។ ចាប់ពីពេលនោះមក ព្រះរាជារបស់ខ្មែរបានកំណត់យកតំបន់នោះធ្វើជាទីតាំងរាជធានីរហូតដល់ស.វ.ទី១៥ ។
ការរៀបចំក្រុងអង្គរ

ដោយការប្រារព្ធពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវាឡទាំងមូល៖ ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាឡ កំពែងនិងគូទឹកជានិមិត្តរូបនៃជួរភ្នំ និងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ហើយប្រាសាទភ្នំសម្រាប់តម្កល់លិង្គទេវរាជ។
ប្រាសាទភ្នំមួយសម្រាប់តែព្រះរាជាមួយព្រះអង្គ លុះទ្រង់ចូលទីវង្គត ប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ ។
ព្រះបាទយសោវរ្ម័នទី១(៨៨៩ – ៩០០)បានលើករាជធានីទៅតាំងនៅខាងជើងតំបន់រលួសដោយយកភ្នំបាខែងធ្វើជាស្នូលនៃរាជធានីយសោធរបុរៈ ។ ព្រះអង្គឲ្យគេសង់ប្រាសាទភ្នំបាខែងសម្រាប់ធ្វើពិធីទេវរាជ​ ។
ការរីកលូតលាស់នៃទីក្រុង

គេចែកការរីកចម្រើនសម័យអង្គរជាបីដំណាក់៖

ដំណាក់ទី១ ពីឆ្នាំ៨០២ ដល់ ៩៤៤
ដំណាក់ទី២ ពីឆ្នាំ៩៤៤ ដល់ ១១៧៧
ដំណាក់ទី៣ ពីឆ្នាំ១១៨១ ដល់ ១២១៨។

អង្គរចាប់ផ្ដើមរីកលូតលាស់ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ រហូតដល់ចុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ។ រវាងឆ្នាំ៩៤៤ – ៩៦៨ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានបង្រួបបង្រួម និងអភិវឌ្ឍរាជាណាចក្រកម្ពុជា ។ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២(១១១៣ – ១១៦២) ក្រៅពីធ្វើសង្គ្រាមពង្រីកទឹកដី ទ្រង់បានកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ បន្ទាប់មក ក្រោយពីកម្ចាត់ចាមឈ្លានពានរួច នៅឆ្នាំ១១៨១ ព្រះបាទជ័យវរ្ម័នទី៧ទ្រង់បានកសាងប្រាសាទបាយ័នមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញកំពស់៨ម៉ែត មានប្រវែង៣គីឡូម៉ែតក្នុងមួយជ្រុងៗ ។
មូលហេតុនៃការរីកលូតលាស់

ប្រាសាទភ្នំត្រូវបានកសាងឡើង សម្រាប់តែព្រះរាជាមួយព្រះអង្គប៉ុណ្ណោះ ។ ពេលទ្រង់កំពុងសោយរាជ្យ ព្រះរាជាយាងទៅធ្វើពិធីទេវរាជ ។ ពេលទ្រង់ចូលទីវង្គតប្រាសាទនោះ ក៏ក្លាយជាផ្នូរផ្ទាល់ព្រះអង្គតែម្ដង ។ ចំពោះព្រះរាជាដែលសោយរាជ្យបន្ទាប់មកទៀត ត្រូវខិតខំកសាងប្រាសាទភ្នំថ្មីមួយទៀត ។ គេសង្កេតឃើញប្រាសាទភ្នំដែលសង់នៅពេលក្រោយៗ ភាគច្រើនធំៗជាមុន ។ ការណ៍នេះបង្ហាញថា៖ ព្រះរាជាសោយរាជ្យបន្ត រមែងចង់បង្ហាញមហិទ្ធិឫទ្ធិរបស់ខ្លួនថា​ជាព្រះរាជាអាទិទេពខ្លាំងពូកែជាងព្រះរាជាមុនៗ ។
ចាប់ពីចុងសតវត្សទី៩ ដល់ចុងសម័យអង្គរ បុព្វបុរសខ្មែរយើងបានកសាងប្រាសាទជិត២០០០ប្រាសាទ ។ តែដោយឡែកលើទឹកដីកម្ពុជាបច្ចុប្បន្ន តាមស្ថិតិសារមន្ទីរជាតិភ្នំពេញ គេរាប់ឃើញតែ១០៧០ប្រាសាទប៉ុណ្ណោះ ហើយក្រៅពីនេះគេឃើញមាននៅប្រទេសសៀម ប្រទេសឡាវ និងប្រទេសយួនទៀតផង ។
ការតម្រង់ទិសការអភិវឌ្ឍ

តំបន់ខាងជើងបឹងទន្លេសាបជាតំបន់អំណោយផលដល់កសិកម្ម ដែលធ្វើឲ្យព្រះរាជាខ្មែរយកព្រះទ័យទុកដាក់ដល់ប្រព័ន្ធធារាសាស្ត្រជានិច្ច ព្រោះសម័យនោះការកសាងបារាយណ៍ជាគូនឹងការកសាងប្រាសាទ ។
ព្រះបាទឥន្ទ្រវរ្ម័នទី១(៨៧៧ – ៨៨៩) ទ្រង់បានបញ្ជាឲ្យជីកបារាយណ៍មួយជើងរាជធានីគឺបារាយណ៍ឥន្ទ្រតដាក មានបណ្ដោយ៣០០០ម៉ែត និងទទឹង៨០០ម៉ែត ។
ព្រះបាទយសោវរ្ម័នទី១(៨៨៩ – ៩០០) ក្រោយពីកសាងរាជធានីហើយ ព្រះអង្គបានបញ្ជាឲ្យជីកបារាយណ៍មួយមានឈ្មោះថា បារាយណ៍យសោធរតដាក ។
ផ្សេងពីនេះគេឃើញមាន បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិចដែលមានបណ្ដោយ៨គីឡូម៉ែត និងទទឹង២,២ម៉ែត ។ ការកសាងសំណង់ធារាសាស្ត្រដោះស្រាយបញ្ហាទឹក នាំឲ្យមានការអភិវឌ្ឍសង្គមខាងកសិកម្មគមនាគមន៍ សុខាភិបាល និងសិក្សាធិការ … ៕

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s